ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលប្រើប្រាស់បុគ្គលិកចាប់ពីម្នាក់ឡើងទៅ គឺត្រូវមានកាតព្វកិច្ចចុះបញ្ជិកាក្នុង ប.ស.ស. ទៅតាមគោលការណ៍លិខិតបទដ្ឋានគតិយុត្ត។ នេះជាការលើកឡើងរបស់ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី គោលការណ៍ បទប្បញ្ញត្តិ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញដោយមានការចូលរួមពីតំណាងម្ចាស់សហគ្រាស គ្រឹះស្ថានប្រមាណជាង៣០០រូប។
ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្តថា ក្រោយចុះបញ្ជីជាមួយ ប.ស.ស. រួចរាល់កម្មករនិយោជិតនឹងកាត់បន្ថយការព្រួយបារម្ភលើការចំណាយទៅលើសេវាព្យាបាល ដែលកត្តានេះមិនត្រឹមតែជួយលើកកម្ពស់សុខុមាលភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញសង្វាក់ផលិតកម្មឱ្យកាន់តែប្រសើរឡើងផងដែរ។
ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបញ្ជាក់ទៀតថា បន្ទាប់ពីចុះបញ្ជីរួច ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវបំពេញកាតព្វកិច្ចបង់ភាគទានលើផ្នែកសំខាន់ៗចំនួន៣ គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាពដោយឡែកផ្នែកប្រាក់សោធន សាមីខ្លួនត្រូវចូលរួមបង់ភាគទានចំនួន ៥០ភាគរយ។
សូមបញ្ជាក់ថា៖ តាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម មាត្រា៩៨ បានចែងថា និយោជកនៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលមិនអនុវត្តកាតព្វកិច្ចនៃការបង់ភាគទានតាមការកំណត់ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍ពីកម្មករនិយោជិតឱ្យបានត្រឹមត្រូវដូចមានចែងក្នុងមាត្រា៨២ នៃច្បាប់នេះ ត្រូវបង់ប្រាក់ពិន័យអន្តរកាណ៍ពី១០(ដប់)ដង ទៅ៣០(សាមសិប)ដង នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ការពិន័យនេះត្រូវអនុវត្តស្មើ និងចំនួនមនុស្សដែលនិយោជកបានប្រើប្រាស់ក្នុងលក្ខខណ្ឌផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់នេះ៕



